ធុ សាលិ ដែលជាយុវជនល្បីឈ្មោះរបស់កម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមជួយគាំទ្រ ស្ដេចប្រដាល់អង្គរ នៅថ្ងៃទី១០ មេសា ដើម្បីផ្ដល់កម្លាំងចិត្តជូនកីឡាករកម្ពុជា និងបង្ហាញភាពល្អប្រសើរសម្រាប់អ្នកចង់ទៅទេសចរណ៍នៅខេត្តសៀមរាប។
យុវជនដែលល្បីនិយាយបានច្រើនភាសាខាងលើនេះបានឲ្យដឹងថា ខ្លួនពិតជាសប្បាយរីករាយដែលឃើញមានកម្មវិធីប្រដាល់ដ៏ធំនៅក្នុងខេត្តសៀមរាប ពិេសសមានកីឡាករកម្ពុជាជាច្រើនរូបប្រកួតជាមួយចិន។
ការរៀបចំនៅមុខប្រាសាទអង្គរនេះ គឺរឹតតែអស្ចារ្យទៀតផងព្រោះបង្ហាញពីប្រាសាទក៏ល្អឯក និងជាការបំផុសគំនិត ជំរុញវិស័យទេសចរណ៍ឲ្យផុលផុសឡើងវិញក្នុងខេត្តសៀមរាបតែម្ដង។
សាលិ បន្ថែមទៀតថា កម្មវិធីប្រដាល់ខាងលើនេះក៏ធ្វើឲ្យមហាជនងាកមកចាប់អារម្មណ៍ និងរឹតតែគាំទ្រវិស័យប្រដាល់គុនខ្មែរ។
មួយវិញទៀតគេក៏ជូនពរដល់កីឡាករកម្ពុជាទាំងអស់ប្រកួតទទួលបានជ័យជម្នះ និងលទ្ធផលទាំងអស់គ្នា។
បញ្ជាក់ដែរថា កម្មវិធី ស្ដេចប្រដាល់អង្គរ គឺជាការប្រកួតរវាងមិត្តអន្តរជាតិកម្ពុជា និងចិន ដែលមានរហូតដល់ទៅ១០គូប្រកួត
លក្ខណៈ Kick Boxing និងប្រដាល់សេរីគុនខ្មែរ។ កម្មវិធីនេះចាប់ឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅមុខប្រាសាទអង្គរ៕