ដំណឹងក្តៅៗ!! បុរសម្នាក់រហ័សនាម «គ្រូតឿ» ត្រូវបាននគរបាលខេត្ដ ហៅមកសួរនាំធ្វើកិច្ចសន្យាអប់រំ…

បុរសម្នាក់ដែលគេស្គាល់រហ័សនាម «គ្រូតឿ» ដែលតែងតែបង្ហោះវីដេអូមិនសមរម្យនៅតាមបណ្ដាញសង្គម Facebook នាំឲ្យមានការរិះគន់នោះ

ត្រូវបានកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហៅមកសួរនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា

បន្ទាប់ពីមានការរិះគន់តាមបណ្ដាញសង្គម Facebook ចំពោះការបង្ហោះវីដេអូដែលបង្ហាញពីសកម្មភាពមិនសមរម្យនោះ របស់បុរសម្នាក់នេះ លោកបានបញ្ជាឲ្យកម្លាំងស្រាវជ្រាវ និងនាំខ្លួនមកធ្វើការសួរនាំតែម្ដង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ សកម្មភាពរបស់បុគ្គលម្នាក់នេះ អាចបណ្ដាលឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គម។

ជាពិសេសវីដេអូមួយដែលនាំឲ្យមានការរិះគន់ខ្លាំង គឺបុរសម្នាក់នេះ និងបក្ខពួក នាំគ្នាហូបអាចម៍គោ ដែលជាសកម្មភាពមិនសមរម្យ និងប៉ះពាល់ដល់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបង្ហាញថាហាក់ដូចប្រជាពលរដ្ឋគ្មានបាយហូប។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ការហៅបុគ្គលនេះមកសួរនាំ គឺចង់ឲ្យបុគ្គលម្នាក់បញ្ជាក់អំពីមូលហេតុ នៃការបង្ហោះវីដេអូបែបនេះនៅតាមបណ្ដាញសង្គម។

បន្ទាប់ពីបញ្ចប់ការសួរនាំ សមត្ថកិច្ចបានឲ្យ «គ្រូតឿ» នេះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងសុំទោសជាសាធារណៈចំពោះសកម្មភាពខុសឆ្គងរបស់រូបគេ និងបក្ខពួកប៉ុន្មាននាក់ទៀត។

សូមជម្រាបថា បុរសម្នាក់នេះ ដែលគេស្គាល់ឈ្មោះ «គ្រូតឿ» និងមានគណនី Facebook «គ្រូតឿ» និងកូនសិស្សប៉ុន្មាននាក់ទៀត តែងតែបង្ហោះវីដេអូប្លែកៗនៅតាមបណ្ដាញសង្គម ហើយចុងក្រោយនេះ បានបង្ហោះវីដេអូហូបអាចម៍គោ នាំឲ្យផ្ទុះការរិះគន់ជាបន្ដបន្ទាប់៕

Related Articles

Latest Articles